ប្រយ័ត្នផង! ស្ត្រេសខ្លាំងពេកអាចធ្វើឲ្យអ្នកមានជម្ងឺទាំងនេះ
ស្ត្រេស ត្រូវបានគេចាត់ទុកជាជំងឺមួយប្រភេទដែលកើតមានឡើងចំពោះអ្នកដែលចូលចិត្តគិតច្រើន និងខ្វល់ខ្វាយច្រើន។ ជាញឹកញាប់ជំងឺមួយនេះអាចធ្វើអ្នកងាយនឹងកើតជំងឺបេះដូង បាក់ទឹកចិត្ត សម្ពាធឈាមឡើងខ្ពស់ ដាច់សរសៃឈាមខួរក្បាល ឈឺទ្រូង និងចង្វាក់បេះដូងលោតខុសធម្មតា។
អ្នកជំនាញបានបង្ហាញថា ជំងឺស្ត្រេស អាចធ្វើឲ្យអ្នកមានញ្ហាភ្លាមៗដូចជា វិលមុខ ឈឺក្បាល មួម៉ៅច្រើន ឬថប់អារម្មណ៍។ ក្នុងករណីដែលលោកអ្នកកើតមានរោគសញ្ញាទាំងនេះ សូមព្យាយាមគ្រប់គ្រងវាឲ្យបាន ពុំដូច្នោះអ្នកអាចប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងគាំងបេះដូងនៅថ្ងៃណាមួយជាពុំខាន។
ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ដែលកើតឡើងដោយសារតែជំងឺស្ត្រេស៖
- ស្ទះសរសៃឈាម ស្របពេលដែលសរសៃឈាមអាក់ទែត្រូវបានរាំងស្ទះឈាមមិនអាចផ្គត់ផ្គង់ទៅកាន់តំបន់ផ្សេងៗនៃបេះដូងបានគ្រប់គ្រាន់ឡើយ នេះហើយជាបញ្ហាដែលធ្វើឲ្យអ្នកកើតមានជំងឺគាំងបេះដូង។
- ដាច់សរសៃឈាមខួរក្បាល ក្នុងករណីដែលកម្រិតភាពតានតឹងកើនឡើងកាន់តែខ្លាំង អ្នកច្បាស់ជាប្រឈមនឹងបញ្ហាដាច់សរសៃឈាមខួរក្បាលកាន់តែខ្ពស់ដែរ។ ហេតុនេះ ពេលមានបញ្ហាស្ត្រេសកើតឡើងអ្នកជំនាញបានណែនាំឲ្យគ្រប់គ្នាព្យាយាមគ្រប់គ្រងវាឲ្យបាន។
- សម្ពាធឈាមឡើងខ្ពស់ បញ្ហាស្ត្រេសកាន់តែខ្លាំង ធ្វើឲ្យសម្ពាធឈាមក្នុងរាងកាយមានការកើនឡើងខ្ពស់។ នេះហើយជាមូលហេតុមួយទៀតដែលបណ្តោលឲ្យមានការខូចខាតដល់សរសៃឈាមក្នុងខួរក្បាល និងឈានទៅរកបញ្ហាដាច់សរសៃឈាមខួរក្បាល។
- អតុល្យភាពអ័រម៉ូន នៅពេលដែលអ័រម៉ូនក្នុងរាងកាយអតុល្យភាព កូឡេស្តេរ៉ុលនឹងកើនឡើង។ កត្តាមួយនេះហើយដែលបណ្តោលឲ្យអ្នកត្រូវប្រឈមហានិភ័យនៃជំងឺបេះដូង ព្រមទាំងជំងឺដាច់សរសៃឈាមក្នុងបេះដូង៕
ដោយ៖ ជា បញ្ញា