ប្រយ័ត្នចោរលួចគណនីហ្វេសប៊ុករបស់អ្នក តោះមកដឹងវិធីការពារ
នាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបង្ហាញអំពីល្បិចកលរបស់ ជនអនាមិក ក្នុងការលួចចាយប្រាក់ពីគណនីហ្វេសប៊ុក (Facebook) របស់ជនរងគ្រោះ ជាពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មតាមអនឡាញ។
អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើន ជាពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មតាមអនឡាញ ដែលបានភ្ជាប់គណនី Facebook និងគណនីធនាគារក្នុងគោលបំណង Boost ទំព័រផេក Facebook អត្ថបទនានា។ កន្លងមក មានជនអនាមិកក្រៅប្រទេសមួយក្រុម បានផ្ដោតគោលដៅវាយប្រហារមក លើគណនី Facebook របស់ប្រជាពលរដ្ឋកម្ពុជា ដោយប្រើប្រាស់មធ្យោបាយ និង បច្ចេកទេស ផ្សេងៗក្នុងការ លួចយកគណនី Facebook របស់ជនរងគ្រោះយកទៅប្រើប្រាស់ ឬ គំរាមទាប្រាក់។
លទ្ធផលមានគណនី Facebook មួយចំនួនធំ ត្រូវបានពួកជនអនាមិកទាំងនោះគ្រប់គ្រង និងបានលួចយកទៅប្រើប្រាស់ប្រាក់ក្នុងគណនីធនាគារដែលបានភ្ជាប់ដោយជនរងគ្រោះ និងបានធ្វើការ Boost ទំព័រផេក Facebook របស់ពួកគេនៅក្រៅប្រទេសទៀតផង។ មានករណីមួយចំនួន ដែលជនអនាមិកទាំងនោះ បានប្រើប្រាស់មធ្យោបាយ Boost ដោយប្រើប្រាស់គេហទំព័រ business.facebook.com ដើម្បីលាក់បាំងពីជនរងគ្រោះផងដែរ។
ដូច្នេះដើម្បីធ្វើការការពារគណនី Facebook នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានបង្ហាញពីការអនុវត្តវិធីសាស្ត្រមួយចំនួនដូចជា៖
១.ពិនិត្យមើលនៅត្រង់ចំនុច “Where You're Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebookរបស់អ្នក។
២.បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ "Two-Factor Authentication" អាចភ្ជាប់ជាមួយ Token Key ឬ Authentication App របស់ Google ឬលេខទូរស័ព្ទ។
៣.ប្រើប្រាស់លេខសម្ងាត់ ដែលមានតួរអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញា លើសពី ៨ ខ្ទង់។
៤.បើកមុខងារ “Get alerts about unrecognized logins” ដើម្បីទទួលបានការជូនដំណឹងសុវត្ថិភាពនៅពេលមានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក។
៥.ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូលគណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (សូមមេត្តាអនុវត្តចំនុចទី២ និងទី៣)។
៦.ប្រើប្រាស់ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលក្នុងការទាញយកគណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ដោយជនអនាមិក។
៧.រក្សាការសម្ងាត់ នៃលេខទូរស័ព្ទ និងគណនីអ៊ីម៉ែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់អ្នក ដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើស យក “Only me” នៅត្រង់មុខងារ “How People Find and Contact You”។
៨.សូមធ្វើការត្រួតពិនិត្យ ឬពិចារណាមុនពេលចុចលើតំណរភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ។
៩.សូមមេត្តាប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់ជាមួយកម្មវិធីផ្សេងៗ ដូចជា កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ដែលគ្មានប្រភពច្បាស់លាស់៕
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ
ដោយ៖ ជា បញ្ញា