ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរវាងសហគមន៍សង្គម-វប្បធម៌អាស៊ាន ជាមួយក្រសួងការបរទេស និងក្រសួងសាមគ្គីភាពសង្គម នៃប្រទេសទីម័រឡេស្តេ
ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងជាប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន បានដឹកនាំប្រតិភូអាស៊ានចូលរួមកិច្ចប្រជុំសហគមន៍សង្គម-វប្បធម៌អាស៊ាន ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការ និងក្រសួងសាមគ្គីភាពសង្គម និងបរិយាបន្ននៃប្រទេសទីម័រឡេស្តេ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការក្នុងទីក្រុងឌីលី ដោយមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសជាសមាជិកអាស៊ាន ប្រធានវិស័យនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន អគ្គលេខាធិការរងទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន មន្ត្រីបង្គោលពាក់ព័ន្ធ មន្ត្រីលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងឌីលី។
ភាគីទីម័រឡេស្តេ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ មាន ឯកឧត្តម Juliao da Silva រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការ និងលោកជំទាវ Signi Verdiali អនុរដ្ឋមន្រ្តីក្រសួងសាមគ្គីភាពសង្គម និងបរិយាបន្ន ដឹកនាំឧត្តមមន្ត្រីវិស័យនៃសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់ប្រទេសទីម័រឡេស្តេ។ ដោយឡែកក្នុងឱកាសនោះក៏មានវត្តមានឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានចូលរួមផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី បានអញ្ជើញឡើងថ្លែងសុន្ទរកថាដោយផ្តោតសំខាន់លើចំណុចចំនួន៣៖ ទី១ ការឈរលើមូលដ្ឋានចំណុចអាទិភាពនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន និងការពិចារណាលើការសើ្នសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ គឺជាចំណុចអាទិភាពមួយរបស់អាស៊ាន។ ទី២ សហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងបន្តធ្វើទស្សនកិច្ចទៅកាន់ក្រសួងស្ថាប័នរបស់រដ្ឋាភិបាលទីម័រឡេស្តេ វិស័យឯកជន និងអង្គការដៃគូផ្សេងៗទៀតក្នុងប្រទេសទីម័រឡេស្តេ ដើម្បីឈ្វេងយល់បន្ថែមអំពីវឌ្ឍនភាពផ្នែកសង្គម-វប្បធម៌របស់ប្រទេសទីម័រឡេស្តេ។ ទី៣ បេសកកម្មស្វែងរកការពិតរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងរួមចំណែកក្នុងការជំរុញនីតិវិធីបច្ចេកទេសដល់ពាក្យស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ដែលអាចនឹងបញ្ចប់សព្វគ្រប់ក្នុងឆ្នាំ២០២២ នៅក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។
បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត និងប្រតិភូបានធ្វើទស្សនកិច្ចនៅទីតាំងផ្សេងៗគ្នា ក្នុងទីក្រុងឌីលី មានដូចជា ទីស្តីការក្រសួងកិច្ចការសភា និងទំនាក់ទំនងសង្គម អគ្គនាយកដ្ឋានផ្សព្វផ្សាយព័ត៌មាន និងអគ្គនាយកដ្ឋានជាតិសម្រាប់ការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ សារមន្ទីរប្រវត្ថិសាស្ត្រទីម័រឡេស្តេ វិទ្យាស្ថានជាតិសន្តិសុខសង្គម មជ្ឈមណ្ឌលជាតិសម្រាប់ការស្តារនីតិសម្បទា មូលនិធិ ALOLA ក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសទីម័រឡេស្តេ សាកលវិទ្យាល័យជាតិ មជ្ឈមណ្ឌលកីឡា និងការអភិវឌ្ឍអត្តពលិក ក្រសួងសុខាភិបាលទីម័រឡេស ។
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន