ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រឹត្តិការណ៍ផលិតផលខ្មែរនៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩៖០០នាទី ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២២ នៅខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹទ្ធទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ សភាពាណិជ្ជកម្មខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត អង្គការ សមាគម សហគ្រាសក្នុងស្រុក និងពាណិជ្ជករកម្ពុជាប្រមាណ ៦០នាក់។
ថ្លែងក្នុងឱកាសបើកសម្ពោធពិព័រណ៍ ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តដែលបានគាំទ្រ និងចូលរួមសហការជាមួយក្រសួងរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីផ្តល់ឱកាសដល់កសិករ ផលិតករ និងសហគ្រាសក្នុងស្រុកបាននាំយកផលិតផលមកដាល់តាំងបង្ហាញនិងណែនាំដល់ទីផ្សារ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ផលិតករកម្ពុជាត្រូវខិតខំអភិវឌ្ឍផលិតផលឱ្យបានច្រើនមុខបន្ថែមទៀតសម្រាប់បម្រើទីផ្សារ ដោយផ្តោតលើការយកចិត្តទុកដាក់លើគុណភាពផលិតផល សោភ័ណភាព សុវត្ថិភាព ការវេចខ្ចប់ និងត្រូវមានតំលៃសមរម្យទើបអាចចូលរួមប្រកួតប្រជែងជាមួយទំនិញបរទេសបាន។
គួររំឭកថាចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពីធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តាមគន្លងប្រពៃណីខ្មែរ អមដោយការប្រណាំងទូកងរជាច្រើនគូរមកពីឃុំ សង្កាត់ផ្សេង ជូនប្រជាជនក្នុងខេត្តបានទស្សនាផងដែរ៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម