ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ដែលគ្រោងធ្វើនៅក្រុងព្រះសីហនុ
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ដើម្បីត្រៀមរៀបចំកិច្ចការបន្តបន្ទាប់ជាច្រើនទៀត។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ដើម្បីឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។
ឯកឧត្ដមបានបន្តទៀតថា វេទិកាទេសចរណ៍អាស៊ាននេះនឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងសិក្ខាសាលានានាជាច្រើន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers)។
បើតាមប្រសាសន៍ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន លើកនេះមិនអាចធ្វើធំដូចមុនៗបានទេ ដោយសារបញ្ហា
កូវីដនៅមាននៅឡើយ ដែលចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី។ ឯកឧត្ដមមានប្រសាសន៍ថា «យើងនឹងកាត់បន្ថយទំហំទាំងការប្រជុំនានា ពិព័រណ៍ អ្នកសារព័ត៌មានផងដែរ»។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ទាំងអ្នកចូលរួម ទាំងម្ចាស់ផ្ទះត្រូវតែធានាអោយបាននូវការអនុវត្តន៍តាមគន្លងថ្មី ក្នុងការស្នាក់នៅ ហូបចុក និងគ្រប់សកម្មភាពនៃព្រិត្តិការណ៍ ត្រូវរៀបចំយ៉ាងសាមញ្ញ ក្រៅអគារ (Out doors) ក្នុងបរិវេណតែមួយ ដែលមានពហុសេវាគ្រប់គ្រាន់ ងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យវិធានសុខាភិបាលដោយហ្មត់ចត់។ កម្មវិធីប្រជុំខ្លះអាចធ្វើតាមរបៀបកូនកាត់ (Hybrid)។ កម្មវិធីទស្សនកិច្ចទីក្រុង ឬគោលដៅផ្សេងត្រូវតែមានការរៀបចំគ្រប់គ្រងដោយគណៈកម្មការ។ និយាយរួម កន្លែងប្រារព្ធពិធីត្រូវតែជាគោលដៅសុវត្ថិភាពដែលរៀបចំឡើង និងប្រត្តិបត្តិតាម SOP ដែលកំនត់ដោយរាជរដ្ឋាភិបាល។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា ការជ្រើសរើសក្រុងព្រះសីហនុជាទីតាំងរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ គឺពិតជាស័ក្តិសមខ្លាំងណាស់ ដោយសារខេត្តជាប់ឆ្នេរសមុទ្រមួយនេះបានកសាងប្រព័ន្ធហេដ្ឋរចនាសម្ពន្ធបានរួចហើយទាំងក្នុងទីក្រុង និវនៅតាមមាត់ឆ្នេរសមុទ្រ ខណៈរដ្ឋបាលខេត្តព្រះសីហនុក៏បានរៀបចំកែលម្អសោភ័ណភាពឆ្នេរសមុទ្រទាំងឡាយ នៅក្នុងខេត្តខ្លួនបានយ៉ាងស្អាតគួរជាទីទាក់ទាញផងដែរ។ ខេត្តព្រះសីហនុក៏សម្បូរទៅដោយកោះតូចធំជាច្រើន ដែលអាចឱ្យភ្ញៀវទេសចរចូលទស្សនាកម្សាន្តបានប្រកបដោយសុវត្ថិភាព ដាច់ឆ្ងាយពីការជួបជុំមនុស្សគ្នាច្រើន។
ម្យ៉ាងវិញទៀត ក្រុងព្រះសីហនុអាចនឹងក្លាយទៅជាគោលដៅសុវត្ថិភាពមួយ ទាំងផ្នែកសុខាភិបាលសាធារណ: ទាំងផ្នែកហេដ្ឋារចនាសម្ពន្ធតភ្ជាប់។ ខេត្តនេះក៏នឹងបញ្ចប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ (រួមទាំងអ្នកផ្តល់សេវាទេសចរណ៍) មានផលិតផល ឆ្នេរកម្សាន្តច្រើន កោះ និងសេវាកម្មទេសចរណ័ ប្រកបដោយគុណភាព និងផ្ដល់នូវសុវត្ថិភាព ផាសុកភាពល្អដល់អ្នកចូលរួមបាន៕
join Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងទេសចរណ៍