បុគ្គលិក និងសិស្សចំនួន១២០នាក់បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ”

បុគ្គលិក និងសិស្សចំនួន១២០នាក់បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ” ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអត្ថប្រយោជន៍នៃទីផ្សារមូលបត្រ ខណៈវេសឡាញត្រៀមខ្លួនសម្រាប់ការបោះផ្សាយលក់មូលបត្រសិទ្ធិជាសាធារណៈនៅពេលខាងមុខ។

 
បុគ្គលិក និងសិស្សចំនួន១២០នាក់បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ”

ថ្លែងក្នុងសិក្ខាសាសានៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា “សិក្ខាសាលានៅថ្ងៃនេះ ក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែករៀបចំផែនការ និងប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដែលជាផ្នែកមួយនៃបំណិនជីវិតក្នុងសតវត្សទី២១ ខណៈពេលវេសឡាញបានអនុវត្ត និងបញ្ចូលកម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ (Moneytree)ក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់ទី១ឡើងទៅ”។

លោកឧកញ៉ាបានបន្ថែមទៀតថា “វេសឡាញនឹងក្លាយជាស្ថាប័នអប់រំដំបូងគេ ដែលចុះបញ្ចីបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជាក្នុងការកៀរគរមូលនិធិ ដើម្បីពង្រីកសាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួនទៅកាន់មូលដ្ឋានខណ្ឌ ស្រុក រាជធានី និងក្រុងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា(ន.ម.ក) បានមានប្រសាសន៍ថា “ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីណែនាំដល់ប្រជាពលរដ្ឋឲ្យស្គាល់ពីទីផ្សារមូលបត្រ និងមានអត្ថផលប្រយោជន៍អ្វីខ្លះ?ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ លើសពីនេះសិក្ខាសាលាក៏នឹងចែករំលែកចំណេះដឹងពីការប្រើប្រាស់លុយឲ្យបានត្រឹមត្រូវ និងចំគោលដៅ ហើយត្រូវធ្វើយ៉ាងដូចមេ្តច? ដើម្បីបង្កើតលុយតាមរយៈការវិនិយោគរយៈពេលយូរក្នុងទីផ្សារមូលបត្រ។”

ឯកឧត្តមបានបន្ថែមទៀតថា ការវិនិយោគក្នុងទីផ្សាមូលបត្រកម្ពុជា ប្រជាពលរដ្ឋនឹងបង្កើនចំណូលបន្ថែមទៀត សម្រាប់លើកស្ទួយជីវភាព ក៏ដូចជាជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងដោយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប សហការជាមួយនិយ័តករមូលបត្រកម្ពុជា ក្រោមការគាំទ្រដោយធានាគារ អេស៊ីលីដា៕