អាមេរិក និងរុស៊្សីពិភាក្សាអំពីសមាជិកអចិន្ត្រៃយ៍ទាំង៥របស់អង្គការសហប្រជាជាតិ
វ៉ាស៊ីងតោន៖ អាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដាកន្លងទៅថា ខ្លួនបានពិភាក្សាជាមួយ រុស្ស៊ីអំពីការរៀបចំកិច្ចប្រជុំកំពូលនៃសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ ជាអាទិភាពសំខាន់មួយសម្រាប់ប្រធានាធិបតីរុស្ស៊ីផ្លាឌីមៀ ពូទីន។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃប៉ុមប៉េអូ និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេឡាវរ៉ូវ បាន និយាយគ្នាតាមទូរស័ព្ទអំពីការកោះអញ្ជើញមេដឹកនាំសមាជិកអចិន្ត្រៃយ៍ទាំង៥ ក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីរម្លឹកខួបលើកទី៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ។
កិច្ចប្រជុំកំពូលនេះក៏នឹងរួមមានដូចជា ប្រធានាធិបតីបារាំងអេម៉ានុយអ៊ែលម៉ាក្រុន នាយករដ្ឋមន្ត្រីអង់គ្លេស បូរីសចនសុន និងប្រធានាធិបតីរបស់ប្រទេសចិន ស៊ីជីនពីង ដែលកំពុងតែមានទំនាក់ទំនងយ៉ាងតានតឹងជាមួយសហរដ្ឋអាមេរិក។
សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំកំពូលក្នុងពេលខាងមុខនេះ ក៏នឹងលើកយកវិបត្តិកូវីដ១៩មកពិភាក្សាផងដែរ។
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ