ឯកឧត្តម ហេង សួរ លើកទឹកចិត្តឱ្យ“សាលាសណ្ឋាគារ សាលាបាយ” ពិចារណាបង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា

នារសៀលកាលពីម្សិលមិញថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានជំរុញឱ្យ “សាលាសណ្ឋាគារ សាលាបាយ(Sala Bai Hotel School)”ពិចារណាបង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា។

 
ឯកឧត្តម ហេង សួរ លើកទឹកចិត្តឱ្យ“សាលាសណ្ឋាគារ សាលាបាយ” ពិចារណាបង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យ សាលាសណ្ឋាគារ សាលាបាយ(Sala Bai Hotel School)ដែលជាសាលាអង្គការទទួលជំនួយពីប្រទេសបារាំង បង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោក Renaud Fichet (រីណូ ហ្វីស្យេ) នាយកសាលា និងសហការី នារសៀលម្សិលមិញថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជវៈ ។

 

 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនាញវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាដែលជាគោលដៅនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក្នុងពេលដែលសាលាបាយមានកេរ្តិ៍ឈ្មោះក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចស្រាប់នៅកម្ពុជា។ 

 

បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈក្នុងពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងទទួលបានការងារសមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ មានភាពបត់បែនដែលអាចផ្តល់ឱកាសដល់សិក្ខាកាមអាចបន្តការសិក្សាទៅតាមបំណង និងចំណង់ចំណូលចិត្ត។

 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យ "សាលាសណ្ឋាគារ សាលាបាយ"លើកកម្ពស់កម្មវិធីសិក្សារបស់ខ្លួនឱ្យដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(Diploma)ដើម្បីបំពេញតម្រូវការចាំបាច់នៃការបណ្តុះបណ្តាលជំនាញ ដែលទីផ្សារកំពុងត្រូវការ៕



ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ