អាជ្ញាធរមីន៖ គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១ គីឡូម៉ែត្រការ៉េ គឺមិនស្ថិតនៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃទេ

គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១ គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ និង/ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ ហើយបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា។

 
អាជ្ញាធរមីន៖ គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១ គីឡូម៉ែត្រការ៉េ គឺមិនស្ថិតនៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃទេ

ថ្ងៃអាទិត្យ ១៣ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរ​មីន​ សូមគោរពជម្រាបជូន​បងប្អូន​ជន​រួមជាតិមេត្តាជ្រាបថា​ ថ្មីៗ​នេះ​ គម្រោងបោសសម្អាតមីន​ ដែលអាជ្ញាធរមីន​ តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​ ប្រគល់ជូន​កងទ័ព​ជើង​គោក​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ និង​អង្គភាព​ស៊ីម៉ាក់ កាល​ពី​ថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៥​ ក្នុង​ទំហំ​ផ្ទៃដីមានមីនចំនួនជាង ៤១ គីឡូម៉ែត្រការ៉េ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ គឺ​ធ្វើ​ឡើង​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ និងស្ថិត​ក្នុង​ភូមិ​ ឃុំ​ ស្រុក​ ក្នុង​ខេត្ត​ មិន​ជាប់​ និង/ឬ​មិននៅ​ជិត​​នឹង​តំបន់​ព្រំដែនកម្ពុជា​-ថៃ​​ ទេ។

គម្រោង​បោសសម្អាត​មីននេះ​ រាជរដ្ឋាភិបាល​ មាន​ផែនការ​បោសសម្អាត​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​មិន​ពាក់ព័ន្ធសោះ​​ឡើយ​នឹង​សំណូម​ពរ​របស់​ភាគី​ថៃ​ ​និងតំបន់​ព្រំដែន​កំពុង​មាន​ជម្លោះ​រវាង​កម្ពុជា​-ថៃ​ ទេ។

សូមជម្រាបថា​ គម្រោង​បោសសម្អាត​មីន​នេះ​​ គាំទ្រ​ដល់​គោលបំណង​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ក្នុង​ការ​ផ្តល់​ដី​សុវត្ថិភាព​​ ផ្តល់​ក្តី​សង្ឃឹម​ ការកសាង​ឡើង​វិញ​នូវ​សហគមន៍​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជាជន​កម្ពុជា​ និង​ដើម្បី​អនាគត​មួយ​កាន់​តែ​ប្រសើរ​ឡើងរបស់​ប្រជាជន​កម្ពុជា​យើង​៕

ប្រភព៖ក្រសួងព័ត៌មាន

សូមចុច join Telegram https://t.me/cngtvcambodia ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070