ឯកឧត្តមវេជ្ជបណ្ឌិត លី សុវណ្ណ៖ ការបរិភោគសាច់ឆៅដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញជាការព្រួយបារម្ហមួយចំពោះសុខភាពសាធារណៈ
ថ្ងៃអង្គារ ៨ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការបរិភោគសាច់ឆៅដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញជាការព្រួយបារម្ហមួយចំពោះសុខភាពសាធារណៈ ព្រោះសាច់ឆៅអាចមានផ្ទុកមេរោគបីប្រភេទ គឺក្រុម បាក់តេរី ក្រុមវីរុស និងក្រុមប៉ារ៉ាស៊ីត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃការបរិភោគសាច់ឆៅពីសំណាក់ប្រជាជនកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។ មូលហេតុមួយចំនួននៃទំនោរនេះ គឺកត្តាឱជារស និងការជឿតៗគ្នាថាសាច់ឆៅផ្តល់អត្ថប្រយោជន៍ដល់សុខភាព ក៏ដូចជាការជួយបំប៉ន និងអាចព្យាបាលរោគាផ្សេងៗ។ ក៏ប៉ុន្តែ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា សត្វព្រៃ ព្រមទាំងសាច់សត្វស្រុកចិញ្ចឹមទាំងប្រភេទ រួមមាន ជ្រូក មាន់ ទា គោ ត្រី និងប្រភេទគ្រឿងសមុទ្រ អាចមានផ្ទុកនូវវីរុស បាក់តេរី ប៉ារ៉ាស៊ីត និងជាតិពុលមួយចំនួន ប្រសិនបើយើងទទួលទានសាច់សត្វទាំងនោះ ដោយមិនចម្អិនបានឆ្អិនល្អ ឬបរិភោគឆៅ។
ឯកឧត្តមវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការបរិភោគសាច់ឆៅដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញជាការព្រួយបារម្ហមួយចំពោះសុខភាពសាធារណៈ ព្រោះសាច់ឆៅអាចមានផ្ទុកមេរោគបីប្រភេទ គឺក្រុម បាក់តេរី ក្រុមវីរុស និងក្រុមប៉ារ៉ាស៊ីត។ ក្រុមបាក់តេរីដែលមានដូចជា Salmonella, E.coli និង Campylobacter អាចបង្ករឱ្យរាគរូស រាគមូល ហើមពោះ ជាពិសេស E.coli អាចធ្វើឱ្យប៉ះពាល់ដល់តម្រងនោម ខូចតម្រងនោម និងអាចបង្ករឱ្យស្លាប់បាន។ ក្រុមវីរុស Hepatitis ដែលមានក្នុងបន្លែឆៅ សាច់ឆៅ ធ្វើឱ្យឈឺក្បាល ក្តៅខ្លួន រលាកថ្លើម (កើតលឿង) និងវីរុសដែលផ្ទុះជាជំងឺឆ្លងទៅមនុស្ស ដូចជា H5N1 (ផ្តាសាយបក្សី), H1N1 (ផ្តាសាយជ្រូក) និងវីរុសផ្សេងៗទៀត។ ដោយឡែក ក្រុមប៉ារ៉ាស៊ីត ដូចជាព្រូន តេនញ៉ាក្នុងសាច់ជ្រូក សាច់គោឆៅ អាចសម្ងំរស់នៅជាមួយមនុស្សបានរាប់ឆ្នាំ ដែលវាអាចនាំឱ្យអ្នកបរិភោគខ្វះអាហាររូបត្ថម្ភ និងខ្វះឈាមក្រហមជាដើម។ ចំណែកពងតេនញ៉ាវិញ អាចបង្កឱ្យខ្វាក់ភ្នែក និងពេលចូលដល់ខួរក្បាលអាចធ្វើឱ្យសន្លប់និងឈានដល់បាត់បង់ជីវិតផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានករណីស្លាប់បាត់បង់ជីវិត ដោយសារការឆ្លងបាក់តេរី Trichinellosis ពីការបរិភោគសាច់ជ្រូកព្រៃឆៅ ដោយសាច់នោះមានផ្ទុកមេរោគ។ មុនបាត់បង់ជីវិត ជនរងគ្រោះមានអការៈក្អួតចង្អោរ និងឈាមក្រហមឡើងខ្លាំង។ ករណីនេះ កើតឡើងលើប្រជាពលរដ្ឋរស់នៅតំបន់ព្រៃភ្នំ ភូមិភាគឦសាននៃប្រទេសកម្ពុជា។
ឯកឧត្តមវេជ្ជបណ្ឌិតបានបន្តថា សាច់ឆ្អិនល្អគឺត្រូវចំអិនក្នុងសីតុណ្ហភាពចាប់ពី៧០°Cឡើងទៅ ហើយមិនត្រូវយកសាច់ឆៅ និងសាច់ឆ្អិនដាក់លាយឡំគ្នាទេ ព្រោះវានាំឱ្យឆ្លងមេរោគទៅវិញទៅមក។ ដោយឡែក ការរក្សាសាច់ឆ្អិនក្នុងសីតុណ្ហភាពគ្រោះថ្នាក់ គឺក្នុងសីតុណ្ហភាពត្រជាក់ដែលលើសពី៥°C ឡើងទៅ និងក្នុងសីតុណ្ហភាពក្តៅតិចជាង៦០°C។ សីតុណ្ហភាពអាចធ្វើឱ្យមេរោគងាយនឹងដុះឡើង ហើយបង្ករឱ្យមានការពុលចំណីអារហារ។ ដើម្បីធានាសុវត្ថិភាព ការរក្សាអាហារឆ្អិនដែលលើសពី២ម៉ោងឡើងទៅ ត្រូវរក្សាក្នុងសីតុណ្ហភាពត្រជាក់ក្រោម៥°C ឬសីតុណ្ហភាពក្តៅលើសពី៦០°C។
ចំពោះសាច់សមុទ្រ ក្តាប បង្គារ មឹក ត្រី ជាដើម មានផ្ទុកបាក់តេរី Salmonella ។ ឯកឧត្តមវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋថា ប្រសិនបើចង់បរិភោគសាច់សមុទ្រ ឬសាច់សត្វឆៅត្រូវទិញពីប្រភពណាដែលបានសម្លាប់មេរោគរួច និងបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវដូចខាងលើ។ ក្នុងនោះ អ្នកបរិភោគ ក៏ត្រូវពិនិត្យមើលលើកាលបរិច្ជេទឱុ្យបានច្បាស់លាស់មុនទិញ។ បន្ទាប់ពីទិញ ត្រូវធ្វើលាងសម្អាតសាច់នោះជាមួយទឹកស្អាត ហើយខ្លួនក៏ត្រូវលាងដៃដែរមុនពេលប៉ះសាច់នោះ៕
ប្រភព៖ ក្រសួងព័ត៌មាន