សូមដាក់ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមខ្លួន រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ
អភិបាលរាជធានីជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ ស្កាត់ជំងឺកូវី-១៩ ដោយរាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវបង្ហាញប័ណ្ណចាក់វាក់សាំងក្នុងភូមិសាស្រ្តក្នុងរាជធានីភ្នំពេញ។
នារសៀលថ្ងៃចន្ទ ០៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting ) ស្ដីពីការរឹតបន្តឹងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានី លេខ ០២៧/២១ សណន ស្ដីពីការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ យើងត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យបាន និងមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានការចូលរួមពី ឯកឧត្ដម ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី អភិបាលខណ្ឌទាំង១៤ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖រដ្ឋបាលរាជធានីភ្នំពេញ