[វីដេអូ] កំហុស ៣យ៉ាងធ្វើឲ្យអ្នកម្តាយអស់កម្លាំងខ្លាំងនៅពេលសំរាល
ដំណាក់កាលសម្រាលកូន គឺជាពេលវេលាឈឺចាប់ខ្លាំងបំផុត ហើយក៏មានគ្រោះថ្នាក់ខ្លាំងផងដែរ ទាំងអ្នកម្តាយ និងកូន។ ប៉ុន្តែ តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាស្ត្រីមួយចំនួនចេះតែអស់កម្លាំងខ្លាំងនៅពេលសម្រាលកូន?
តាមពិត អស់កម្លាំង តែងតែកើតមានចំពោះស្ត្រីគ្រប់រូបក្នុងពេលសម្រាលកូន ក៏ប៉ុន្តែមនុស្សស្រីមួយចំនួនអាចអស់កម្លាំងខ្លាំង ដោយសារតែកំហុសឆ្គង ៣ចំណុច។
១.គេងផ្ងារពោះ ហើយក្តាប់ដៃ
នៅក្នុងអំឡុងពេលសម្រាលកូន ជារឿយៗស្ត្រីតែងតែមានការឈឺចាប់ខ្លាំងនៅក្នុងតំបន់ចង្កេះ ដូច្នេះហើយដើម្បីបន្ធូរបន្ថយភាពឈឺចាប់អ្នកម្តាយច្បាស់ជាគេង ហើយលើកដៃឡើងលើប្រឹងក្តាប់យ៉ាងណែន។ តាមពិតការធ្វើបែបនេះ មិនមានសុវត្ថិភាពនោះទេ ពីព្រោះទម្ងន់របស់ទារកដាក់សម្ពាធទៅលើឆ្អឹងខ្នងរបស់អ្នកម្តាយ និងរាំងស្ទះដល់លំហូរឈាម។លើសពីនេះទៅទៀត ទីតាំងបែបនេះអាចបណ្តោលឲ្យម្តាយមានការឈឺចាប់កាន់តែខ្លាំង ហើយពិបាកក្នុងការបង្កើតកូន។ ក្នុងអំឡុងពេលសម្រាល អ្នកម្តាយគួរជ្រើសរើសយកវិធីឈរឲ្យត្រង់ខ្លួនតាមដែលអាចធ្វើទៅបាន តែប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងអាចគេងបាន។
២.ការស្រែកយំ
កំហុសទូទៅមួយទៀតនៅក្នុងចំណោមកំហុសដែលអ្នកម្តាយតែងតែធ្វើនៅពេលសម្រាលកូន គឺយំខណៈកំពុងមានការឈឺចាប់។ សកម្មភាពមួយនេះ ធ្វើឲ្យអ្នកម្តាយឆាប់ខ្សោយកម្លាំងខ្លាំង។ លើសពីនេះទៅទៀត សម្លេងស្រែកដែលបន្លឺឡើងពេញបន្ទប់សម្រាល នឹងធ្វើឲ្យប៉ះពាល់ដល់ការជួយសង្គ្រោះពីគិលានុបដ្ឋាយិកា ឬវេជ្ជបណ្ឌិតទៅវិញនោះទេ។
៣.ការដកដង្ហើមខ្លីៗ
នៅពេលដែលមានការឈឺចាប់ អស់កម្លាំង អ្នកម្តាយភាគច្រើនតែងតែបាត់បង់នូវការគ្រប់គ្រងដង្ហើមរបស់ខ្លួន ដូច្នេះការដកដង្ហើមនឹងមានលក្ខណៈញាប់ខ្លី។ ទោះជាយ៉ាងណា ការដកដង្ហើមបែបនេះ នឹងនាំទៅរកភាពតានតឹងសាច់ដុំ ដែលបង្កើនការឈើចាប់ពេលសម្រាល។លើសពីនេះទៅទៀត អ្នកម្តាយដែលដកដង្ហើមមិនទៀងទាត់ ក៏អាចនាំឲ្យកើនឡើងជាតិស្ករនៅក្នុងឈាមផងដែរ។
តើស្ត្រីគួរធ្វើដូចម្តេចខ្លះ មុនពេលសំរាល?
មុនពេលសំរាលកូន យកល្អអ្នកម្តាយគួរតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ហើយកុំលាក់លៀម ឬនិយាយបំផ្លើសចំពោះបញ្ហាផ្សេងៗដែលកើតមានប្រាប់ទៅគ្រូពេទ្យឲ្យសោះ។ ជាពិសេសស្ត្រីមានផ្ទៃពោះ មិនត្រូវគិតរឿងអវិជ្ជមានពេកនោះទេ ព្រោះការសិក្សាមួយបានបង្ហាញថា ភាពភ័យខ្លាចក៏អាចរារាំងដល់អ័រម៉ូន ដែលគ្រប់គ្រប់ដល់ដំណើរការសម្រាលផងដែរ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ដោយ: ជា បញ្ញា