ពិតជារឿងចៃដន្យណាស់ ទិវាឪពុកឆ្នាំនេះចំថ្ងៃដែលកើតមានបាតុភូតសូរ្យគ្រាស
ជារៀងរាល់ឆ្នាំទិវាឪពុកត្រូវបានធ្វើឡើងនៅចំថ្ងៃអាទិត្យ ទី ២១ ខែមិថុនា ហើយរឿងដែលគួរឲ្យចាប់អាម្មរណ៏ទៅទៀតនោះ គឺនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះនឹងកើតមានបាតុភូតសូរ្យគ្រាសដែលកើតមានឡើងនៅលើផ្ទៃមេឃផងដែរ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ timeanddate។
បាតុភូតនេះអាចមើលឃើញចេញពីប្រទេសមួយចំនួននៅក្នុងទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី ហើយក្នុងនោះកម្ពុជាក៏អាចមើលឃើញបាតុភូតនេះបានមួយផ្នែកផងដែរ ។ សូមបញ្ជាក់ថា កម្ពុជាអាចមើលឃើញជាលក្ខណៈចំណិតមិនមែនបាំងពេញឡើយ (Partial Solar Eclipse)។នៅទីក្រុងភ្នំពេញនឹងកើតមានបាតុភូតនេះឡើងគឺចាប់ផ្ដើមពីម៉ោង ១៣:៣០នាទីរសៀល និងបញ្ចប់ទៅនៅម៉ោង ១៦:១៦នាទីល្ងាច ហើយពេលដែលអាចមើលឃើញច្បាស់នោះគឺនៅខណ:ម៉ោង ១៥:០១ នាទីល្ងាច។
ផ្អែកតាមអង្គការណាសាបានឲ្យដឹងថា នៅភាគជើងនៃប្រទេសឥណ្ឌាគេនឹងឃើញមានព្រះចន្ទចូលមកបាំងពន្លឺព្រះអាទិត្យរហូតដល់ ៩៩,៤% ឯណោះ សូរ្យគ្រាសបែបនេះត្រូវបានគេឲ្យឈ្មោះថា “Ring of Fire” ព្រោះតែមានពន្លឺភ្លើងស្ថិតនៅជុំវិញព្រះចន្ទតែម្ដង។
សូមរម្លឹកផងដែរថា សូរ្យគ្រាស គឺជាបាតុភូតធម្មជាតិដែលគេអាចមើលឃើញពីផែនដី នៅពេលដែលដំណើរគោចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដី និងព្រះអាទិត្យ ហើយបានបាំងពន្លឺព្រះអាទិត្យ៕
ប្រភព៖ timeanddate ដោយ៖ ជា បញ្ញា