យន្តហោះអង្គការសហប្រជាជាតិចុះចតខុសបច្ចេកទេស បណ្តាលឲ្យមនុស្ស១១នាក់រងរបួស
ទីក្រុងបាម៉ាកូ៖ យន្តហោះមួយគ្រឿងរបស់អង្គការសហប្រជាជាតិជួបគ្រោះថ្នាក់អំឡុងពេលចុះចត នៅទីក្រុងហ្គៅ (Gao) ភាគខាងជើងប្រទេសម៉ាលី កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ ហើយបង្កឲ្យមនុស្ស១១នាក់រងរបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហ៊ួរ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
យន្តហោះបេសកកម្មមីនូសម៉ា (MINUSMA) ធ្វើដំណើរមកពីទីក្រុងបាម៉ាកូ មានមនុស្សសរុប១១នាក់ ក្នុងនោះមាន៤នាក់ ជាអ្នកដំណើរ ៧នាក់ទៀតជាបុគ្គលិកអង្គការសហប្រជាជាតិ និងអ្នកបញ្ជាការលើយន្តហោះ។ មនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ និងមនុស្ស១០នាក់ទៀតរងរបួសស្រាល ហើយតួយន្តហោះក៏ ត្រូវខូចខាតខ្លាំង បន្ទាប់ពីជួបគ្រោះថ្នាក់ក្នុងពេលចុះចត។
គួរជម្រាបផងដែរថា ក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថា គេនឹងចេញបញ្ជាឲ្យ ស៊ើបអង្កេតរកដើមហេតុ ដែលបង្កឲ្យមានឧប្បទ្ទហេតុនេះកើតឡើង៕
ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ