ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងក្រសួងសុខាភិបាលរៀបចំកិច្ចប្រជុំពង្រឹងសេវាសុខភាពនៅតាមគិលានដ្ឋានសហគ្រាសរោងចក្រ ក្រោមកិច្ចសហការ និងគាំទ្រដោយអង្គការUSAID និងអង្គការ FIH360
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងក្រសួងសុខាភិបាលបានរៀបចំកិច្ចប្រជុំពង្រឹងសេវាសុខភាពនៅតាមគិលានដ្ឋានសហគ្រាសរោងចក្រ ការចុះបញ្ជីកា ការផ្តល់អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវ:សុខាភិបាល និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្រោមកិច្ចសហការ និងគាំទ្រដោយអង្គការUSAID និងអង្គការ FIH360 នៅសណ្ឋាគារសាន់វ៉េភ្នំពេញ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីតំណាងក្រសួងទាំងពីរ តំណាងគណៈវិជ្ជាជីវៈសុខាភិបាល តំណាងអង្គការUSAID និងអង្គការFIH360 ក្នុងគោលបំណងដើម្បីពិភាក្សា និងរួមគ្នាក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសុខភាពនៅតាមគិលានដ្ឋានឱ្យកាន់តែប្រសើរឡើងដល់កម្មករនិយោជិតនៅតាមសហគ្រាស រោងចក្រ។
ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការ និងជាប្រធាននៃគណៈកម្មាធិការសម្របសម្រួលនៃគណៈវិជ្ជាជីវៈសុខាភិបាលនៃក្រសួងសុខាភិបាល និងអង្គប្រជុំទាំងមូល បានបង្កើតផែនការសកម្មភាពដើម្បីពង្រឹងការចុះបញ្ជីការ ការផ្តល់អាជ្ញាប័ណ្ណ និងការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត ព្រមទាំងបន្តកិច្ចសហការរវាងក្រសួងទាំងពីរបន្ថែម ក្នុងការជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធនឹងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលនៅតាមសហគ្រាស រោងចក្រ៕
ប្រភព: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: