ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាផ្ទុះឡើងជាច្រើនកន្លែងក្នុងប្រទេសអាហ្សង់ទីន
ប៊ុយណុសអ៊ែររ៉េស៖ រដ្ឋាភិបាលអាហ្សង់ទីនបាននិយាយនៅថ្ងៃអង្គារថា ភ្លើងឆេះព្រៃចំនួន០៤កន្លែងបានផ្ទុះឡើងនៅក្នុងខេត្ត ខរដូបា (Cordoba) ភាគកណ្តាលនៃប្រទេសអាហ្សង់ទីន ហើយក្រុមអគ្គីភ័យ ប្រមាណ៤០០នាក់កំពុងប្រយុទ្ធតទល់នឹងភ្លើងឆេះព្រៃដោយប្រើយន្តហោះ និងឧទ្ធម្ភាគចក្រទម្លាក់ទឹក ជាច្រើនគ្រឿង។
ភ្លើងឆេះព្រៃកំពុងកើតឡើងក្នុងតំបន់នៃទីក្រុង វីឡា កាឡុស ផាស (Villa Carlos Paz) ឡុស
ម័រទែរីតូស (Los Morteritos) ឃូឈី ខូរល (Cuchi Corral) និងអ៊ុនឃ្វីលឡូ (Unquillo)។
រដ្ឋាភិបាលបានបន្ថែមឲ្យដឹងទៀតថា កម្លាំងខ្យល់បក់ប្រមាណ ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង បណ្តាលឲ្យក្រុមអ្នកពន្លត់អគ្គីភ័យមានការលំបាកយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះ ហើយប្រឆាំងនឹងអណ្តាតភ្លើង ដែលកំពុងឆាបឆេះ ជាពិសេសក្នុងតំបន់ព្រៃជ្រៅ ដែលមានកម្តៅភ្លើងខ្លាំង។
លើសពីនេះទៅទៀត រដ្ឋមន្ត្រីក្រសួងបរិស្ថានអាហ្សង់ទីន ក៏បានគូសបញ្ចាក់ថា គេបានជម្លៀសប្រជាជន ជាច្រើនក្នុងតំបន់ និងបិទផ្លូវផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ