ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺក្នុងវិស័យទេសចរណ៍នេះតែម្ដង ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយផលសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។

 
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសក្នុងវិស័យទេសចរណ៍

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងនាឱកាសចូលរួមសម្ពោធភោជនីយដ្ឋាន សាប៊ូសាប៊ូ អនយ៉ាសៃ ខេមបូឌា (SHABU SHABU ON-YASAI) សាខាទី២ ស្ថិតនៅតាមបណ្ដោយវិថីប៉ាស្ទ័រ កែងនឹងវិថីលេខ ៣៥២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ ពិធីសម្ពោធនេះក៏មានការចូលរួមពីសំណាក់ឯកអគ្គរាជទូរជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថានា ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង ៦.៦លាននាក់ កើនឡើង ៦.៦% ក្នុងនោះទេសចរជប៉ុនចំនួន ២០៧,៦៣៦នាក់ ឈរក្នុងលំដាប់ទី៧ នៃទីផ្សារទេសចរណ៍ទាំង១០។ ប៉ុន្តែកន្លងមកនេះ ការរាតត្បាតជាសកលនៃជំងឺកូវីត១៩ ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងគំហុកដល់វិសយទេសចរណ៍ និងធ្វើដំណើរនៅទូទាំងពិភពលោក ក្នុងនោះរួមកម្ពុជាផងដែរ។

បច្ចុប្បន្ន នៅកម្ពុជាពុំមានការរីករាលដាលជំងឺ Covid-១៩ ក្នុងសហគមន៍នោះទេ ហើយអ្នកជំងឺក៏ត្រូវបានព្យាបាលជាសះស្បើយ។ កម្ពុជាក៏បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មប្រឆាំងជាមួយជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងពេល និងក្រោយពេលវិបត្តិ ដែលត្រូវរៀបចំជា ៣ ដំណាក់កាល៖

* ដំណាក់កាលទី១ (Resilient and Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីភាពតាមទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ ចាប់ពីឆមាសទី២ ឆ្នាំ២០២០ រហូតដល់ឆមាសទី១ ឆ្នាំ២០២១។

* ដំណាក់កាលទី២ (Recovery)៖ ការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិ ដែលមានរយៈពេលចាប់ពីឆមាសទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

* ដំណាក់កាលទី៣ (Re-launch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា ដែលមានរយៈពេលចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណចំពោះវិនិយោគិនជប៉ុនក្នុងវិស័យទេសចរណ៍ រួមមាន ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប ដែលតែងតែបង្ហាញទំនុកចិត្តនិងឱកាសវិនិយោគ តាមរយៈការបោះទុនវិនិយោគយ៉ាងច្រើននៅកម្ពុជា។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អប្រកបដោយកក់ក្តៅចំពោះវិនិយោគិន និងទេសចរជប៉ុន»៕

 

 

ប្រភព: ក្រសួងទេសចរណ៍