សហព័ន្ធសេវាអប់រំនៅកម្ពុជាផ្តល់ការប្រឹក្សាយោបល់ និងអត្ថប្រយោជន៍ចំនួន៩ចំណុចដល់សមាជិករបស់ខ្លួន
សហព័ន្ធសេវាអប់រំនៅកម្ពុជាបានប្រកាសផ្តល់ប្រឹក្សាយោបល់ និងអត្ថប្រយោជន៍ផ្សេងៗចំនួន៩ចំណុចជូនដល់សមាជិករបស់ខ្លួន ដើម្បីគាំទ្រដំណើរការវិស័យអប់រំឯកជនឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាក់កណ្តាលឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ឯកឧត្តម ហុង លីម អនុប្រធានទទួលបន្ទុកកិច្ចការទំនាក់ទំនងសមាជិកនៃសហព័ន្ធសេវាអប់រំនៅកម្ពុជាបានលើកឡើងពីអត្ថប្រយោជន៍ទាំង៩ចំណុច សម្រាប់គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនបច្ចេកវិទ្យាសម្រាប់ការអប់រំដែលបានចូលជាសមាជិករួមមាន៖
1. អភិវឌ្ឍជំនាញ និងចំណេះដឹងតាមរយៈការចែករំលែកចំណេះនិងបទពិសោធន៍ពីអ្នកជំនាញខាងផ្នែកអប់រំ និងអ្នកផ្គត់ផ្គង់សេវាផ្សេងៗពាក់ព័ន្ធនឹងការអប់រំ។
2. ទទួលបានឱកាសសម្រាប់អភិវឌ្ឍអាជីវកម្មសាលារៀនជាមួយនឹងអ្នកជំនាញផ្នែកវិស័យអប់រំដែលជាទីប្រឹក្សា ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធនិងដៃគូសហព័ន្ធសេវាអប់រំនៅកម្ពុជា។
3. ឱកាសទំនាក់ទំនង និងអភិវឌ្ឍជាមួយដៃគូរអប់រំក្រៅប្រទេសរបស់សហព័ន្ធអប់រំនៅកម្ពុជា។
4. ទទួលបានការគាំទ្របន្ថែមទៀតពីបទបញ្ញត្តិ និងគោលនយោបាយអប់រំពីក្រសួងពាក់ព័ន្ធ។
5. ទទួលបានអន្តរាគមន៍ពីសហព័ន្ធ និងគាំទ្រពីសាលាជាសមាជិកជាមួយនឹងស្ថាប័នពាក់ព័ន្ធ។
6. បង្កើតនូវអំណាចនៃការចរចារជាសមូហភាពជាមួយអ្នកផ្គត់ផ្គង់និងដៃគូរអាជីវកម្មនានា។
7. ទទួលបានឱកាសក្លាយជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា។
8. ទទួលបានការប្រឹក្សាយោបល់ និងការជួយសម្របសម្រួលនៅក្នុងការរៀបចំ និងដំណើរការគ្រឹះស្ថានអប់រំ។
9. ទទួលបានការប្រឹក្សាយោបល់ និងសម្របសម្រួលដើម្បីទទួលបានហិរញ្ញប្បទានផ្សេងៗ។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាបានឱ្យដឹងថា សហព័ន្ធបង្កើនឡើងនៅឆ្នាំ២០២០ ក្នុងទិសដៅចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់ការអប់រំ និងអាជីវកម្មក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សហព័ន្ធផ្តល់នូវការយល់ដឹងអំពីការស្រាវជ្រាវនិងការអភិវឌ្ឍ និងការសហការគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន ពង្រឹងចំណេះដឹង និងវគ្គបំប៉នគរុកោសល្យដល់គ្រូបង្រៀននិងអ្នកអប់រំទូទៅ ផ្តល់សេវាប្រឹក្សាយោបល់ និងសម្របសម្រួលនិងរៀបចំឯកសារសម្រាប់ការបើកដំណើរសាលារៀនជូនដល់សមាជិក។
គិតមកត្រឹមខែសីហា ឆ្នាំ២០២១នេះ សហព័ន្ធសេវាអប់រំនៅកម្ពុជាមានសមាជិកចំនួន ៩៤ស្ថាប័ន ដែលមានសាលាចំណេះទូទៅជាតិ-អន្តរជាតិឯកជន វិទ្យាស្ថានបណ្តុះបណ្តាលជំនាញ និងក្រុមហ៊ុនបច្ចេកវិទ្យាសម្រាប់ការអប់រំ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ សហព័ន្ធនៅតែបន្តស្វាគមន៍ទទួលសមាជិកថ្មីបន្ថែមទៀត ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នាលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕