សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាជាង៣លាន ៨សែនដុល្លារបន្ថែម សម្រាប់សាងសង់ចំណតរថយន្ត និងតភ្ជាប់បណ្តាញលូ ពីផ្ទះចូលក្នុងបណ្តាញរបស់រដ្ឋ នៅក្រុងសៀមរាប
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងបានថ្លែងប្រាប់អ្នកសាព័ត៌មាននៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១ម្សិលមិញនេះថា វឌ្ឍនភាពការងារនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប រហូតមកដល់ពេលនេះសម្រេចបាន៩០ភាគរយហើយ នៅ១០ភាគរយទៀតនឹងធ្វើឱ្យរួចរាល់ត្រឹមថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ ហើយគ្រប់ផ្លូវទាំងអស់ត្រូវតែរៀបចំឱ្យស្អាតមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ។
សម្តេចពិជ័យសេនាបានបន្តថា ជាមួយគ្នានេះ យើងក៏បានជួបបញ្ហាមួយចំនួន ដូចជា ការឱ្យប្រជាពលរដ្ឋស្នើសុំភ្ជាប់ប្រព័ន្ធលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរបស់រដ្ឋដោយប្រជាពលរដ្ឋត្រូវបង់ប្រាក់ និងបញ្ហាមួយទៀត គឺចំណតរថយន្ត។ ប៉ុន្តែបញ្ហាទាំងនេះ ឥឡូវត្រូវបានដោះស្រាយរួចរាល់ហើយ។
សម្ដេចពិជ័យសេនាបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួនជាង៣លាន៨សែនដុល្លារអាម៉េរិកសម្រាប់សាងសង់ចំណតរថយន្តតាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានប្រវែងជាង ២ ០០០ ម៉ែត្រ និងតភ្ជាប់បណ្តាញលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរដ្ឋ ដែលមានប្រមាណជាង ១២ ០០០ តំណរ ដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ដែលនេះ ជាចំណងដៃថ្មីមួយទៀត ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។
សម្ដេចពិជ័យសេនាបានបន្តទៀតថា ឥឡូវនេះ ផ្លូវទាំង៣៨ខ្សែ បានស្អាតជាបន្តបន្ទាប់ ឯនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាបក៏ចាប់ផ្តើមមានសោភ័ណភាពស្អាតជាបណ្តើៗ ហើយសម្តេចពិជ័យសេនាក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះ ឱ្យបានគង់វង្ស ជាពិសេសត្រូវចូលរួមសម្អាត នៅតាមមុខផ្ទះរាងៗខ្លួនឱ្យបានស្អាត ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងបរទេស។
សូមជម្រាបជូនថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាពបរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរ បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន។ នៅដើមឆ្នាំ២០២២ខាងមុខនេះ បើតាមផែនការរបស់រាជរដ្ឋាភិបាល នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចអាចមកកម្សាន្ត នៅខេត្តសៀមរាប ហើយសមិទ្ធផលថ្មីៗទាំងនេះ នឹងធ្វើឱ្យភ្ញៀវទេសចរមានការពេញចិត្តមកម្តងហើយចង់មកម្តងទៀត៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន