វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិក (Webinar Series) ស្ដីពី "ការប្រើប្រាស់ផតខាស់ (Podcast) សម្រាប់ការបង្រៀន និងរៀនភាសាអង់គ្លេស"
រាជធានីភ្នំពេញ៖ ដើម្បីចែករំលែកនូវចំណេះដឹងអំពីការប្រើប្រាស់ផតខាស់ (Podcast) ដែលជាប្រភពសំឡេងបែបឌីជីលដ៏មានសារសំខាន់និងផ្ដល់ភាពងាយស្រួលសម្រាប់សាធារណជន ពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងការទទួលបានព័ត៌មានផ្សេងៗ និងមេរៀនតាមរយៈការស្ដាប់បានគ្រប់ពេល និងគ្រប់ទីកន្លែង។
ការប្រើប្រាស់ Podcast បម្រើដល់ការសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយក្នុងការជំរុញការអប់រំបែបឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការអប់រំបែបឌីជីថល នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិក (Webinar Series) ស្ដីពី "ការប្រើប្រាស់ផតខាស់ (Podcast) សម្រាប់ការបង្រៀន និងរៀនភាសាអង់គ្លេស" ។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើការណែនាំអំពីPodcast វិធីបង្កើតPodcast អត្ថប្រយោជន៍ការប្រើប្រាស់ PodCast ជំនួយដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការរៀន និងបង្រៀន ដែលប្រព្រឹត្តដោយមានការចូលរួមពីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន សហការណ៍ជាមួយក្រុមហ៊ុន 40K Plus ដោយមានសិក្ខាកាមជាគ្រូបង្រៀនចូលរួមប្រមាណជាង៧០នាក់ ហើយប្រព្រឹត្តទៅតាមរយៈកម្មវិធី Google Meet។ សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកក្រសួង និងតម្រូវឲ្យសិក្ខាកាមចុះឈ្មោះតាមអនឡាញ ហេតុនេះរាល់ដំណើរការនៃវគ្គបណ្ដុះបណ្ដាលសុទ្ធតែដំណើរការតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាឱកាសក្នុងការបញ្ជ្រាបចំណេះដឹងបច្ចេកវិទ្យាឌីជីថលជូនដល់លោកគ្រូអ្នកគ្រូ ដោយបច្ចុប្បន្នកំពុងក្លាយជាតម្រូវការដ៏ចាំបាច់សម្រាប់សង្គមក្នុងយុគសម័យបដិវត្តឧស្សាហកម្ម៤.០៕
០៤ សីហា ២០២០ | នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា