[វីដេអូ] អាហារ ១២ប្រភេទដែលជួយកាត់បន្ថយសក់ជ្រុះ
មនុស្សភាគច្រើនចង់បានសក់រឹងមាំនិងមានសុខភាពល្អជាពិសេសនៅពេលដែលអាយុកាន់តែច្រើន។ជាមធ្យមសក់អាចដុះលូតលាស់ ១.២៥សង់ទីម៉ែតក្នុងរយ:ពេលមួយខែ និងដុះ ១៥សង់ទីម៉ែតនៅក្នុងរយ:ពេលមួយឆ្នាំ។កត្តាដែលធ្វើឲ្យសក់ឆាប់លូតលាស់គឺអាស្រ័យទៅលើ សុខភាព អកម៉ូន របបអាហារ និងវ័យជាដើម។
ជាការពិតការទទួលទានរបបអាហារដែលខ្វះសារធាតុចិញ្ចឹមមិនបានត្រឹមត្រូវក៏អាចបណ្តាលឱ្យជ្រុះសក់ផងដែរ។ម៉្យាងវិញទៀតការបរិភោគអាហារដែលមានតុល្យភាពជាមួយនឹងសារធាតុចិញ្ចឹមឲ្យបានត្រឹមត្រូវក៏អាចជួយជំរុញឲ្យសក់លូតលាស់បានល្អផងដែរ ជាពិសេសប្រសិនបើអ្នកកំពុងតែជ្រុះសក់ដោយសារកង្វះអាហារូបត្ថម្ភ។
ដូចនេះយើងសូមណែនាំអាហារទាំងនេះដូចតទៅ:
- ស៊ុត
ស៊ុតគឺជាប្រភពប្រូតេអ៊ីន និងវីតាមីនបាយអូទីន (Biotin ឬវីតាមីន B7) ដែលជាសារធាតុចិញ្ចឹមដ៏ល្អដែលអាចជំរុញឲ្យសក់ឆាប់ដុះ។ការញ៉ាំប្រូតេអ៊ីនគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់សំរាប់ជួយឲ្យសក់លូតលាស់ ពីព្រោះឫសសក់ត្រូវបានផលិតចេញពីប្រូតេអ៊ីនភាគច្រើន។
រីឯវីតាមីនបាយអូទីន (Biotin)គឺមានសារ:សំខាន់ណាស់សំរាប់ផលិតប្រូតេអ៊ីនសក់ដែលគេហៅថា keratin ហើយវាក៏ជាមូលហេតុដែលថ្នាំបំប៉នដែលមានវីតាមីនបាយអូទីន (Biotin) ត្រូវបានគេយកទៅលក់នៅលើទីផ្សារដើម្បីឲ្យសក់លូតលាស់។
លើសពីនេះស៊ុតក៏ជាប្រភពដ៏ល្អដែលមានជាតិស័ង្កសី សេលេញ៉ូមនិងសារធាតុចិញ្ចឹមផ្សេងៗទៀតដែលធ្វើឲ្យមានសុខភាពល្អទៅដល់សក់ផងដែរ។
- ផ្លែប៊ឺរី (Berries)
ផ្លែប៊ឺរីផ្ទុកទៅដោយសមាសធាតុជាច្រើនដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនជាច្រើនដូចជា វីតាមីន C ដែលអាចជំរុញឲ្យសក់ឆាប់ដុះ។
ចំពោះសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារឫសសក់ប្រឆាំង នឹងការបំផ្លាញពីម៉ូលេគុលដែលបង្កការខូចខាតដល់សក់ដែលគេហៅថា រ៉ាឌីកាល់សេរី។
រីឯវីតាមីន C ជួយឱ្យរាងកាយស្រូបយកជាតិដែកពីរបបអាហារ។ កម្រិតជាតិដែកទាបអាចបណ្តាលឱ្យមានភាពស្លេកស្លាំងដែលជាហេតុធ្វើឲ្យសក់ជ្រុះញឹកញាប់។
- ស្ពៃខ្មៅ
ស្ពៃខ្មៅផ្ទុកទៅដោយជាតិអាស៊ីដ folate ជាតិដែក វីតាមីន A និង វីតាមីន C ដែលអាចជំរុញឲ្យសក់លូតលាស់។ នៅពេលកង្វះសារធាតុចិញ្ចឹមទាំងនេះអាចបណ្តាលឲ្យជ្រុះសក់។
- ខ្លាញ់ត្រី
ត្រីដែលមានជាតិខ្លាញ់មានដូចជា ត្រីសាម៉ុង និងត្រីហឺរ គឺជាប្រភពត្រីដែលមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដ៏ល្អដែលធ្វើឲ្យសក់លូតលាស់។
ការសិក្សាមួយទៀតបានរកឃើញថាការលេបថ្នាំដែលមានជាតិប្រេងត្រី អាចជួយកាត់បន្ថយការជ្រុះសក់និងបង្កើនការលូតលាស់សក់ចំពោះស្ត្រីដែលមានសក់ស្តើង។
លើសពីនេះខ្លាញ់ត្រីក៏ជាប្រភពដ៏សំខាន់ដែលមានផ្ទុកសារធាតុប្រូតេអ៊ីន សេលេញ៉ូម វីតាមីន D3 និងវីតាមីន B ដែលជាសារធាតុចិញ្ចឹមដែលអាចជួយឲ្យសក់រឹងមាំនិងមានសុខភាពល្អ ។
- ដំឡូង
ដំឡូងផ្ទុកទៅដោយវីតាមីន A ដែលជួយដល់ការផលិតជាតិខ្លាញ់។វីតាមីន Aជួយឲ្យសក់ឆាប់ដុះលឿន កាត់បន្ថយសក់ជ្រុះ និងធ្វើឲ្យសក់ដុះក្រាស់។
- ផ្លែបឺរ
ផ្លែបឺរមានរសជាតិឆ្ងាញ់ មានជីវជាតិនិងជាប្រភពដ៏អស្ចារ្យនៃជាតិខ្លាញ់ដែលធ្វើឲ្យមានសុខភាពល្អ។ ផ្លែបឺរសំបូរទៅដោយវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជំរុញដល់ការលូតលាស់សក់។
បន្ថែមពីនេះវីតាមីន E ក៏ការពារផ្នែកផ្សេងៗនៃស្បែកក្បាល ដូចជា ការពារស្បែកក្បាលពីភាពតានតឹង សារធាតុអុកស៊ីតកម្មនិងការខូចខាតផ្សេងៗ។
- គ្រាប់ធញ្ញាជាតិ
គ្រាប់ធញ្ញាជាតិផ្ទុកទៅដោយសារធាតុចិញ្ចឹម ដូចជាវីតាមីន E វីតាមីន B ស័ង្កសីនិងអាស៊ីតខ្លាញ់សំខាន់ៗជាច្រើនទៀត ដែលអាចជួយជំរុញដល់ការលូតលាស់សក់និងមានធ្វើឲ្យមានអត្ថប្រយោជន៍ទៅដល់សុខភាពថែមទៀតផង។
- ម្ទេសប្លោក
ម្ទេសប្លោកគឺជាប្រភពនៃវីតាមីន A និង វីតាមីន C សំបូរទៅដោយសារធាតុចិញ្ចឹម ដែលជួយឱ្យសក់មានសុខភាពល្អហើយជួយដល់ការលូតលាស់សក់។
- អយស្ទើ
អយស្ទើគឺជាប្រភពមួយដ៏ល្អបំផុតនៃសារធាតុស័ង្កសី ដែលមាននៅក្នុងរបបអាហារ។ សារធាតុរ៉ែជួយដល់ការលូតលាស់សក់និងជួសជុលសក់ដែលរងការខូចខាត។
- បង្គា
បង្គាគឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យដែលមានផ្ទុកទៅដោយ វីតាមីន B ស័ង្កសី ជាតិដែក និងវីតាមីន D ដែលអាចជួយឲ្យសក់លូតលាស់បានល្អ។
- សណ្តែក
សណ្តែកគឺជាប្រភពដ៏អស្ចារ្យនៃប្រូតេអ៊ីន ជាតិដែក ស័ង្កសី និង វីតាមីនB7 ដែលសុទ្ធសឹងតែចាំបាច់សម្រាប់សុខភាពសក់ដ៏ល្អបំផុត។
- សាច់
សាច់គឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យដែលចាំបាច់ធ្វើឲ្យសក់រឹងមាំ ។
ជាពិសេសសាច់ក្រហមសំបូរទៅដោយសារធាតុដែកដែលអាចជួយឲ្យសក់ឆាប់លូតលាស់បានលឿន ។
ជារួមប្រសិនបើអ្នកខ្វះខាតនៅសារធាតុចិញ្ចឹមទាំងនេះ នឹងធ្វើឲ្យសក់របស់អ្នកឆាប់ជ្រុះ បន្ថែមពីនេះអ្នកគួរជ្រើសរើសប្រើប្រាស់ផលិតលាប ឬកក់សក់ឲ្យត្រឹមត្រូវមុនពេលប្រើប្រាស់៕
សូមចុច Join Telegram Channel (https://t.me/cngtvcambodia) ដើម្បីទទួលបានព័ត៌មាន លឿន រហ័ស ថ្មីៗជារៀងរាល់ថ្ងៃពី CNGTV Cambodia
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: healthline ដោយ: ជា បញ្ញា