គន្លឹះសន្តិសុខខ្លីៗស្តីអំពីការទិញទំនិញអនឡាន
ស្របពេលទៅនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ និន្នាការនៃការទិញទំនិញអនឡាញ (Online Shopping) មានការកើនឡើងគួរជាទីកត់សំគាល់។ ក៏ប៉ុន្តែអ្នកប្រើប្រាស់អ៊ិនធឺណែតភាគច្រើន នៅមិនទាន់បានយល់ដឹងអំពីហានិភ័យនានាដែលអាចកើតមានឡើងជុំវិញការបញ្ជាទិញទំនិញអនឡាញនៅឡើយទេ ។កត្តានេះហើយដែលអាចធ្វើឱ្យពួកគេងាយនឹងរងគ្រោះដូចជាការបាត់បង់សាច់ប្រាក់ និងខាតបង់ពេលវេលាជាដើម។
បើយោងតាមការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមធ្វើការណែនាំគន្លឹះសុវត្ថិភាពមួយចំនួនដូចខាងក្រោម៖
ហានីភ័យក្នុងការទិញទំនិញអនឡាញដែលអ្នកត្រូវដឹង
ទំព័របណ្តាញសង្គមបោកប្រាស់៖ អ្នកលក់ខ្លះបានបោកប្រាស់អ្នកទិញដោយទទួលប្រាក់ហើយតែមិនដឹកជញ្ជូនទំនិញ ពួកអ្នកបោកប្រាស់ទាំងនោះបានបង្កើតជាវេបសាយ ឬទំព័របណ្តាញសង្គមផ្សេងៗក្នុងការផ្សព្វផ្សាយលក់ទំនិញ តែមិនមានព័ត៌មានទីតាំងជាក់លាក់នោះទេ ករណីនេះបានកើតឡើងយ៉ាងច្រើននៅលើបណ្តាញសង្គម (social media)។
វេបសាយលក់ទំនិញក្លែងក្លាយ៖ ជនបោកប្រាស់ ឬឧក្រិដ្ឋជនបច្ចេកវិទ្យាបានបង្កើតវេបសាយលក់ទំនិញផ្សេងៗក្នុងតម្លៃថោក ឬបង្កើតវេបសាយឱ្យដូចទៅនឹងវេបសាយលក់ទំនិញល្បីៗដូចជា AMAZON និង EBAY ជាដើម ក្នុងការបោកបញ្ឆោតជនរងគ្រោះធ្វើការបញ្ជាទិញ។ ជនរងគ្រោះអាចបាត់បង់ទាំងប្រាក់កាក់ និងអាចបាត់បង់ទាំងព័ត៌មានហិរញ្ញវត្ថុ (credit card) តាមរយៈការបញ្ជាទិញនៅលើវេបសាយដែលគ្មានប្រភពច្បាស់លាស់ និងវេបសាយដែលបង្កើតឡើងដោយជនល្មើស។
គន្លឹះសុវត្ថិភាពមួយចំនួនដែលអ្នកគួរយល់ដឹងមានដូចខាងក្រោម៖
ហាងលក់ទំនិញក្លែងក្លាយ
- ពេលទិញទំនិញនៅលើវេបសាយអនឡាញសូមត្រួតពិនិត្យមើលអាសយដ្ឋាននៅលើ browser “https” នៅក្នុង address bar និងប្រុងប្រយ័ត្នអំពីតួរអក្សរ និងលេខ ដូចជា “0” និង “o”, “1” និង “l” ។ល។
- ជាពិសេសទំព័រ (page) ណាដែលលក់ទំនិញតម្លៃថោកខុសពីធម្មតាខ្លាំងពេក សូមទិញទំនិញពីហាងដែលអ្នកស្គាល់និងមានប្រភពច្បាស់លាស់
ការទូរទាត់ប្រាក់អនឡាញ
- ត្រួតពិនិត្យរបាយការណ៍ទិញទំនិញរបស់អ្នកឱ្យបានទៀតទាត់
- រាយការណ៍ទៅកាន់ធនាគារភ្លាមៗ បើអ្នកកត់សម្គាល់ឃើញមានការទិញទំនិញ ឬប្រិតិបត្តិការដែលអ្នកមិនបានធ្វើ
- ប្រើប្រាស់កាតសិប្បនិម្មិត ឬប្រើប្រាស់កាតពីរផ្សេងៗពីគ្នា ដែលមួយគឺសម្រាប់ដាក់ប្រាក់ និងមួយទៀតសម្រាប់ការទិញ និងទូរទាត់ថ្លៃទំនិញ។
ចុងក្រោយ សូមមានការប្រុងប្រយ័ត្ន ត្រូវស្វែងយល់អំពីប្រភពឲ្យបានច្បាស់លាស់មុនពេលទិញទំនិញ និងប្រើប្រាស់បច្ចេកវិទ្យាឲ្យត្រូវគោលដៅ ៕
ប្រភព: camcert