រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន (The 9th ASEAN Minister Meeting on Culture and Arts) ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ
ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ (The 9th ASEAN Minister Meeting on Culture and Arts) ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី៩ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា នឹងផ្តោតលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ដែលជាគ្រឹះមួយនៃសក្តានុពលសហគមន៍អាស៊ាន និងការកសាងសុខដុមរមនាក្នុងចំណោមប្រជាជនអាស៊ាន។ ជាមួយគ្នានេះ កិច្ចប្រជុំក៏នឹងពិនិត្យពិភាក្សាលើបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបាន និងកំពុងរាតត្បាតក្នុងតំបន់ និងពិភពលោក ព្រមទាំងស្វែករកមធ្យោបាយគន្លឹះសមស្របក្នុងការអនុវត្តសកម្មភាពវប្បធម៌សិល្បៈឡើងវិញ ក្នុងអំឡុងពេលកូវីដ និងក្រោយពេលកូវីដ៕
ប្រភព: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ