កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីត១៩ ចំនួន១២នាក់ថ្មីបន្ថែមទៀត
ក្រសួងសុខាភិបាលព្រឹកថ្ងៃទី១៧ មីនា ២០២០ នេះបានចេញប្រកាសព័ត៌មានរកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត ដែលក្នុងនោះ១១ករណីថ្មីជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរ១នាក់ត្រឡប់មកពីប្រទេសថៃ។

ភ្នំពេញ៖ ក្រសួងសុខាភិបាលព្រឹកថ្ងៃទី១៧ មីនា ២០២០ នេះបានចេញប្រកាសព័ត៌មានរកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត ដែលក្នុងនោះ១១ករណីថ្មីជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរ១នាក់ត្រឡប់មកពីប្រទេសថៃ។
ករណីទាំង១២នេះបានកើតឡើងនៅខេត្តបន្ទាយមានជ័យ២ករណី នៅរាជធានីភ្នំពេញ ២ករណី នៅខេត្តកំពង់ឆ្នាំ ២ករណី នៅបាត់ដំបង ៤ករណី នៅខេត្តកំពត ១ករណី នៅខេត្តត្បូងឃ្មុំ ១ករណី។
សូមរម្លឹកផងដែរថា បុរសជនជាតិខ្មែរឥស្លាមទាំង១១នាក់ខាងលើ ជាអ្នកក្នុងចំណោមអ្នកដែលបានវិលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីសរុបចំនួន ៧៩នាក់។
តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យថ្នាក់ជាតិ និងក្រោមជាតិ កំពុងបន្តតាមដានរកអ្នកប៉ះពាល់យ៉ាងសកម្ម ជាពិសេសអ្នកដែលបានចូលរួមនៅក្នុងពិធីសាសនាឥស្លាម នៅប្រទេសម៉ាឡេស៊ីកន្លងមកនេះបន្ថែមទៀត៕
ដោយ៖ ចាប មិថុនា